បឹងកេត ប៉ះការពារជាតិ ដណ្ដើមពានសប្បុរសធម៌ មុនបើកការប្រកួតរដូវកាលថ្មី
(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកុម្ភៈចុងសប្ដាហ៍នេះ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC) នឹងរៀបចំការប្រកួតបាល់ទាត់លក្ខណៈសប្បុរសធម៌ដ៏អស្ចារ្យមួយរវាងក្រុមជើងឯកលីគកំពូលកម្ពុជាបឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិ ដែលជាជើងឯកពានរង្វាន់ Hun Sen-Cup កាលពីឆ្នាំ២០១៦ ដើម្បីអបអរការត្រៀមបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជា ដែលគ្រោងចាប់ផ្ដើមការប្រកួតផ្លូវការនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដ៏ខ្លីខាងមុខនេះ។
នេះជាលើកដំបូងហើយ ដែលស្ថាប័នគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជារៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរការត្រៀមបើកការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី។ មិនតែប៉ុណ្ណោះក៏ជាព្រឹត្តិការណ៍សប្បុរសធម៌មួយផងដែរ ព្រោះ CNCC បានសម្រេចដាក់លក់សំបុត្រទស្សនាការប្រកួតក្នុងតម្លៃ ៥,០០០រៀល និង ៣,០០០រៀល ដើម្បីប្រមូលថវិកាទាំងនោះទៅជួយដល់កុមារកំព្រា និងកុមារក្រីក្រតាមបណ្ដាអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួនក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមបឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិនេះ នឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាច។ មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួតលក្ខណៈមិត្តភាពនេះ ក្រុមខ្លាំងទាំងពីរ ក៏ត្រូវជួបគ្នាជាថ្មីមួយសប្ដាហ៍ក្រោយ ពោលគឺនៅថ្ងៃទី១៨ ខែកុម្ភៈ ដែលសហព័ន្ធតម្រូវឲ្យក្រុមទាំងពីរជួបគ្នា ដើម្បីអបអរពិធីបើកការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ជាផ្លូវការនោះទៀតផង៕
Comments
Post a Comment