បឹងកេត ផ្ដួល Lao Toyota ឡើងវគ្គបន្ដពាន AFC Cup 2017 បានសម្រេច
ការប្រកួតយប់មិញក្រុមបឹងកេត បានទទួលគ្រាប់បាល់នាំមុខ ១គ្រាប់នៅនាទីទី៤៣ មុនបញ្ចប់តង់ទី១ ដែលធ្វើសម្រេច ដោយកីឡាករជប៉ុន Tomoki Muramatsu ។ ឈានចូលដើមតង់ទី២ កីឡាករក្រុមម្ចាស់ផ្ទះម្នាក់ ត្រូវបានអាជ្ញាកណ្ដាល ពិន័យកាតក្រហម ដែលធ្វើឲ្យឱកាសឈ្នះរបស់ក្រុមបឹងកេតមានកាន់តែច្រើន ។
ប៉ុន្ដែទោះម្ចាស់ផ្ទះមានសមាជិកត្រឹម ១០នាក់ក្ដី ក៏ក្រុមបឹងកេតអង្គរ មិនអាចស្វែងរកគ្រាប់បន្ថែមដែរ ធ្វើឲ្យចប់ការប្រកួត ពេញម៉ោងបឹងកេត ឈ្នះ Lao Toyota ១-០ គ្រាដែលជួបគ្នាជើងទី១ ស្មើគ្នា ១-១ ដូច្នេះក្រុមបឹងកេតអង្គរ ត្រូវបន្ដដំណើរ ទៅវគ្គចែកពូលពាន AFC Cup 2017 ក្រោយយកឈ្នះក្រុម Lao Toyota ២ជើងដោយលទ្ធផល ២-១ ។
ដំណាលគ្នាយប់មិញដែរ ក្រុមភ្នំពេញក្រោន នៅតែធ្វើមិនបានល្អក្នុងការប្រកួតជើងទី២ ជាមួយក្រុម Home United របស់សិង្ហបុរី ដោយបន្ដប្រកួតចាញ់ក្រៅដីក្នុងលទ្ធផលបច្ចេកទេស ៣-០ ខណៈកាលពីជើងទី១ ប្រកួតនៅកីឡដ្ឋាន RSN ភ្នំពេញក្រោន ចាញ់ ៤-៣ ។ ហេតុនេះក្រុម Home United បានយកឈ្នះភ្នំពេញក្រោនសរុប ៧-៣ ដើម្បីបន្ដដំណើរ ទៅវគ្គចែកពូលពាន AFC Cup ឆ្នាំ២០១៧ដូចក្រុមបឹងកេតអង្គរដែរ ៕
Comments
Post a Comment